(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានថ្លែងថា គេខ្លាចបំផុត អ្នកគេងមិនលង់លក់ តែធ្វើជាគេងលក់ ឯអ្នកគេងលក់ គេនឹងយល់តម្លៃសន្តិភាព។
ឯកឧត្តមថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោយសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តម កើត ឆែ បានបន្ថែមថា សន្តិភាព មានតម្លៃណាស់ ហើយយើងត្រូវការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមបន្តថា ហេតុនេះហើយ រាជរដ្ឋាភិបាល បានកំណត់អនុក្រឹត្យនេះ ដើម្បីឲ្យខ្មែរចងចាំសន្តិភាព និងរម្លឹកពីគុណបំណាច់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព។
សូមជម្រាបថា ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន ២គូ។ គូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧៖០០នាទី។
ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។
គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»។
អស់រយៈពេលកន្លងមក កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុត ដោយសារតែភ្លើងសង្គ្រាមសង្គ្រាម ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត ៥០០ឆ្នាំ។ ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេង នាំឲ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឲ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ៕