(ពោធិ៍សាត់)៖ ការប្រគួតកីឡាដណ្តើមពានរង្វាន់ របស់ឯកឧត្តម កែវ រតនៈ លើកទី៨ នៅស្រុកកណ្តៀង ដើម្បីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា ដែលបានដំណើរការជិតមួយខែកន្លងមក ក្រោមការរៀបចំឡើងដោយរដ្ឋបាលស្រុកកណ្តៀង សហការជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងគ្រូបង្វិក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ត្រូវបានប្រារព្ធពិធីបិទ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីលានកីឡដ្ឋាន វិទ្យាល័យ ហ៊ុន សែន កណ្តៀង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្កិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរនិងស្រុកណ្តៀង, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារចុះជួយឃុំទាំង៩ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ២,៥០០នាក់។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ការប្រគួតកីឡាទទួលពានរង្វាន់ របស់ឯកឧត្តម កែវ រតនៈ លើកទី៨ ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» នៅក្នុងស្រុកកណ្តៀង ត្រូវបានបញ្ចប់បន្ទាប់ពីបានដំណើរការ អស់រយៈពេលជិតមួយខែយ៉ាងមមាញឹក។ ឆ្លងតាមការប្រគួតយ៉ាងសកម្ម និងស្វិតស្វាញ បានរកឃើញលទ្ធផល ដែលត្រូវទទួលបានពានរង្វាន់ និងអមដោយកញ្ចប់ថវិកាមួយចំនួន របស់លោក កែវ រតនៈ គឺ៖
ទី១៖ វិញ្ញាសារបាល់ទះនារី ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនកណ្តៀង, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនឃុំអន្លង់វិល និងចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនឃុំស្វាយលួង។
ទី២៖ វិញ្ញាសារបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនឃុំកញ្ជរ, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនវិទ្យាល័យ ហ៊ុន សែន កណ្តៀង និងចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនឃុំស្រែស្តុក។
ទី៣៖ វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនឃុំវាល, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនឃុំកណ្តៀង និងចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនឃុំស្យា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីបិទការប្រគួតនោះថា នេះគឺជាលើកទី៨ហើយ សម្រាប់ស្រុកកណ្តៀង ដែលរដ្ឋបាលស្រុក សហការជាមួយក្រុមការងារ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំឱ្យមានការប្រគួតកីឡាបាល់ទាត់ បាល់ទះ ដណ្តើមពានរង្វាន់ របស់លោកផ្ទាល់ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥»។ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សា ពូនជ្រុំ រាល់សមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទាំងអស់នេះ គឺផ្តើមចេញពីជ័យជំនះ ៧ មករា បើគ្មានជ័យជំនះ ៧ មករា ១៩៧៩ទេ ពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនោះឡើយ។ ស្មារតី ៧ មករា បានចារឹកជាប់ក្នុងមនសិកា របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដោយចាត់ទុកថា ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ៧ មករា ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ដែលយើងបានរួចផុត ពីរបបប្រល័យពូជសាន៍ ប៉ុល ពត និងបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបានបើកឡើងវិញនូវសករាជថ្មី ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងទាំងអស់គ្នាគោរពដឹងគុណ ដល់កម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន បានផ្តល់នូវកំណើតទី២ និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកទស់សព្វថ្ងៃ។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា បើទោះបីជាទីតាំងខេត្តពោធិ៍សាត់ មានចម្ងាយឆ្ងាយ ពីរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែខេត្តពោធិ៍សាត់ ជាទីតាំងប្រកបដោយការទាក់ទាញ ប្រជាពលរដ្ឋទាំងអស់បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចង់បានសន្តិភាព ដែលពួកគាត់លើសលប់ បានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន អតីតយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះតាមរយៈការគាំទ្រនេះហើយ បានអន្ទងចិត្តក្រុមហ៊ុនវិនិយោគជាច្រើន មកបណ្តាក់ទុននៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់ ដែលមានទាំងក្រុមហ៊ុនចិន អាមេរិក ជប៉ុន ថៃឡង់ដ៏…។ល។ ក្នុងឆ្នាំ២០២៥ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុនFord និងបន្ថែមខ្សែច្រវ៉ាក់ផលិតកម្ម តម្លើងរថយន្តFord Territory បន្ថែមលើកខ្សែច្រវ៉ាក់ដែលកំពុងដំណើរការស្រាប់ មានរថយន្តFord Ranger និងFord Everest។ ហើយនៅក្នុងដំណាច់ឆ្នាំ២០២៥ ក្រុមហ៊ុនយក្សរបស់ជប៉ុនគឺ ក្រុមហ៊ុនMinebeaMitsumi នឹងដាក់ឱ្យដំណើរការរោងចក្រថ្មី ជាផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងស្រុកក្រគរ ដែលបានផ្តល់ឱកាសការងារជាច្រើនរយកន្លែង ដល់កូនក្មួយរបស់យើងផងដែរ។
ជាការពិតណាស់ វិស័យអប់រំកាយ និងកីឡា ជាវិស័យអាទិភាពដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ ធ្វើការអភិវឌ្ឍន៍ ព្រោះថាវិស័យនេះ ធ្វើឱ្យយុវជន និងប្រជាជនរបស់យើងទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងកាយសម្បទាមាំមួន បានបង្កើតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងគ្នានឹងគ្នា ជាពិសេសជាមួយបណ្តាប្រទេសជិតខាងយើង។ ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់សមត្ថភាព ទេព្យកោសល្យតាមក្រុម និងក្លឹមនីមួយៗបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្តើម និងទទួលបានពានរង្វាន់ ជូនអង្គភាពរបស់ខ្លួន ហើយសូមចងចាំថា ការលេងកីឡា គឺចៀសវាងបានការប្រព្រឹត្តអំពើល្មើសផ្សេងៗ ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងជាដើម៕