កម្ពុជាចូលរួមបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការទេសចរណ៍ពិភពលោក ដើម្បីជំរុញកំណើនទេសចរពិភពលោក


(ចិន)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ក្នុងមហាសន្និបាតអង្គការទេសចរណ៍ពិភពលោក (UNWTO) លើកទី២២ នៅទីក្រុង Chengdu ប្រទេសចិន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្ពុជាបានចូលរួមបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការទេសចរណ៍ពិភពលោក ក្នុងនាមជាប្រទេសសមាជិក ដើម្បីជំរុញកំណើនទេសចរទាំងក្នុងតំបន់ និងពិភពលោក។
មហាសន្និបាតបានអនុម័តជាឯកច្ឆ័ន្នគាំទ្រលោក Zurab Pololikashvilli អតីតរដ្ឋមន្ត្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចចជាប្រចាំតំបន់អឺរ៉ុប និងជាតំណាងរដ្ឋាភិបាលប្រទេសចចជា ប្រចាំនៅអង្គការទេសចរណ៍ពិភពលោក (UNWTO) ជាអគ្គលេខាធិការ UNWTO ថ្មី បន្តពីលោក Taleb Rifai ដែលត្រូវបញ្ចប់អាណត្តិ បន្ទាប់លោកបានបំពេញការងារយ៉ាងល្អ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីប្រទេសសមាជិកចំពោះស្នាដៃ និងសមិទ្ធផល និងវឌ្ឍនភាពគួរជាទីមោទនៈ សម្រាប់វិស័យទេសចរណ៍ពិភពលោក ក្នុងរយៈពេល២អាណត្តិកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា លោក Zurab Pololikashvilli ត្រូវបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីមានការជជែកគ្នាយ៉ាងយូរនៅក្នុងអង្គមហាសន្និបាតពេញអង្គ ដែលមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកជាង១៦០ប្រទេស និងអង្គការអន្តរជាតិនានា។
ឯកឧត្តមបន្តទៀតថា តាមលក្ខន្តិកៈរបស់អង្គការ UNWTO ក្រោយពេលគណៈកម្មាធិការប្រតិបត្តិបានបោះឆ្នោតជ្រើសរើសបេក្ខជនថ្មីរួចហើយ ត្រូវយកមករាយការណ៍សុំការអនុម័តពីមហាសន្និបាតពេញអង្គ។ បើមានតែសំឡេងជំទាស់ ១សំឡេង គណៈកម្មាធិការប្រតិបត្តិត្រូវយកមកពិនិត្យឡើងវិញ និងត្រូវដាក់ជូនមហាសន្និបាតលើកក្រោយ ក្នុងពេល២ឆ្នាំបន្ទាប់។
បើតាមឯកឧត្តម ថោង ខុន លោក Zurab Pololikashvilli នឹងចូលកាន់តំណែងថ្មីជាអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បន្តពីលោក Taleb Rifai នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ។
សូមជម្រាបថា អង្គមហាសន្និបាតអង្គការទេសចរណ៍ពិភពលោក លើកទី២២នេះ ក៏បានប្រកាសការកំណត់យកទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអង្គការទេសចរណ៍ពិភពលោក លើកទី២៣ ក្នុងឆ្នាំ២០១៩ ខាងមុខ។