(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយអំពាវនាឱ្យកម្មករ កម្មករិនី និងប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរ បានជំរុញកំណើតសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលកម្ពុជា បានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀត ដូចជាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា ឡាវ ប្រទេសឥណ្ឌា តំបន់ខ្លះនៅឥណ្ឌនេស៊ី ចិន ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងប្រាក់ឈ្នួល នៅបណ្តាប្រទេសផ្សេងៗនេះ បានធ្វើឱ្យក្រុមអ្នកវិនិយោគ ងាយនឹងផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេណាស់។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្គត់ផ្គង់អគ្គិសនីដែលជួលឱ្យកម្មករស្នាក់នៅ ដែលមុននេះកំណត់ដោយម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះគិតថ្លៃអគ្គិសនីពីរដ្ឋទាប ប៉ុន្តែលក់ឱ្យកម្មករថ្លៃ ប៉ុន្តែឥឡូវរដ្ឋបានចុះតបណ្តាញទឹកដល់បន្ទប់ជួលរបស់កម្មករ ហើយលក់តម្លៃអគ្គិសនីដល់កម្មករក្នុងតម្លៃទាប។
* សម្តេចតេជោ ហ៊ុន សែន រិះគន់បក្សប្រឆាំងថា ចេះតែធ្វើបាតុកម្ម ហើយកន្លងទៅបែរជាទៅបញ្ចុះបញ្ចូល កម្មករឱ្យធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ ប្រទេសដែលអភិវឌ្ឍ គឺជាប្រទេសមានសន្តិភាព។ គ្មានអ្នកណាគេទៅតាំងរោងចក្រនៅប្រទេសមានសង្រ្គាមទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានានូវកិច្ចអភិវឌ្ឍត្រូវតែធានាដល់សន្តិភាព។ ចំណុចនេះ មានតែគណបក្សប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលគ្រប់គ្រងស្ថានការណ៍បាន គណបក្សដទៃមិនសមត្ថភាពគ្រប់គ្រងស្ថានការណ៍ទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្រប់រោងចក្រទាំងអស់ត្រូវរួមគ្នាការពារសន្តិភាព។ ក្មួយមិនត្រូវឱ្យមានបញ្ហាច្របូកច្របល់ដូចឆ្នាំ២០១៣ កើតឡើងម្តងទៀតទេ។
* សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា អ្នកចែកនំប៉័ងសម្រាប់បាតុកម្មនៅឆ្នាំ២០១៣ ពេលនេះរត់ទៅដល់អាមេរិកហើយ បន្ទាប់ពីឆ្លងកាត់កាណាដាដោយមិនស្របច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់ម្ចាស់រោងចក្រ អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះ បានចេញពីធ្វើការមុន១៥នាទី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ សម្រាប់ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលកាលពីមុន កម្មករនិងថៅកែ ចេញពាក់កណ្តាលម្នាក់នោះ នឹងត្រូវកំណត់ឱ្យនិយោជកបង់ទាំងអស់ ហើយកម្មករមិនបង់ទេ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសារជាថ្មីថា កម្មការិនីម្នាក់សម្រាលកូន១ នឹងទទួលបាន៤០ម៉ឺន បើកើតមកបានកូនភ្លោះ នឹងទទួលបាន៨០ម៉ឺនរៀល ហើយបើកូនភ្លោះ៣ នឹងទទួលបាន១២០ម៉ឺនរៀល បូករួមទាំងថវិកាឧបត្ថម្ភរបស់សម្តេច។