ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានគូសបញ្ជាក់ថា ការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ តាមប្រព័ន្ធអនឡាញ គឺអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលបំណងដើម្បីសម្រួលដល់សិស្ស និស្សិតរបស់យើងក្នុងការដាក់ពាក្យផង ដែលកាលពីមុនការដាក់ពាក្យប្រឡងបេក្ខជនត្រូវឡើងមកដាក់ពាក្យដល់រាជធានីភ្នំពេញ ឬដល់ទីរួមខេត្តដែលត្រូវចំណាយច្រើនទាំងលុយកាក់ និងពេលវេលា។ ដើម្បីសម្រួលដល់កិច្ចការនេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់ឯកឧត្តម សុក ផេង ដូចនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នៅការិយាល័យក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម សុក ផេង បានឱ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានជ្រើសរើសយកក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ដែលជាក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ខ្ពស់ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រី ហើយចំពោះការទទួលពាក្យប្រឡងតាមប្រព័ន្ធ អនឡាញគឺបានសម្រួលច្រើនណាស់សម្រាប់បេក្ខជនទាំងជាង១ម៉ឺននាក់ ដែលត្រូវដាក់ពាក្យប្រឡងចូលរៀនផ្នែកសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយតាមការប៉ាន់ស្មានថា ប្រសិនបើ ពួកគាត់ជាង១ម៉ឺននាក់នេះមកដាក់ពាក្យដោយផ្ទាល់នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្តនៅទូទាំងប្រទេសអាចចំណាយរហូតទៅដល់ជាង២០ម៉ឺនដុល្លារអាមេរិកឯណោះ ប៉ុន្តែពេលនេះបន្ទុកមួយនេះគឺត្រូវបានធ្លាក់មកលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិជាអ្នកចំណាយប្រហែលជា១០ភាគរយនៃថវិកាដែលប្រជាពលរដ្ឋត្រូវចំណាយ តាមរយៈការរៀបចំនូវបច្ចេកវិទ្យាឌីជីថលទំនើបនោះគឺប្រព័ន្ធអនឡាញសម្រាប់ទទួលពាក្យប្រឡងរបស់បេក្ខជន ដែលបេក្ខជនទាំងនៅក្នុងប្រទេស ទាំងកំពុងស្ថិតនៅ ក្រៅប្រទេសក៏អាចដាក់ពាក្យបានដោយងាយស្រួល។
យកឱកាសនេះ ឯកឧត្តម សុក ផេង បានអំពាវនាវសូមកុំឱ្យមានការក្លែងបន្លំឯកសារ ព្រោះបើមានឯកសារក្លែងបន្លំប្រព័ន្ធកុំព្យូទ័រនឹងរុញចេញ ហើយចំពោះអ្នកក្លែងបន្លំឯកសារក្នុងការដាក់ពាក្យតាមអនឡាញនេះទៀតសោត គឺងាយនឹងចាប់ជាងអ្នកដែលបំពេញឯកសារដោយដៃទៀតផង។ ដូច្នេះហើយសូមបេក្ខជនដែលចង់ដាក់ពាក្យប្រឡងត្រូវតែសម្ដែងនូវភាពស្មោះត្រង់ចំពោះមុខច្បាប់ កុំយកឯកសារក្លែងក្លាយមកប្រើប្រាស់ ដែលនឹងនាំផលវិបាកដល់ខ្លួនឯងនៅពេលដែលគណៈកម្មាធិការប្រឡងរកឃើញ ដោយគណៈកម្មាធិការនឹងដាក់ឈ្មោះអ្នកក្លែងបន្លំឯកសារចូលក្នុងបញ្ជីខ្មៅ ដោយបិទសិទ្ធិមិនឱ្យចូលរួមប្រឡងលើកក្រោយៗទៀត ហើយមួយវិញទៀតក៏នឹងត្រូវទទួលនូវទោសព្រហ្មទណ្ឌថែមទៀតផង។ ដូចនេះបេក្ខជនចូរកុំឱ្យសោះនូវការក្លែងឯកសារ ការក្លែងអត្តសញ្ញាណ រួមទាំងអ្នកស៊ីឈ្នួលប្រឡងឱ្យគេ និងអ្នកដែលជួលគេឱ្យប្រឡងជំនួស សូមដកខ្លួនចេញឱ្យឆ្ងាយ៕


