ប្រមុខការទូតកម្ពុជា-ហ្វីលីពីន៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេស ហ្វីលីពីននៅខែកុម្ភៈ ខាងមុខនឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីនបានសម្តែងការជឿជាក់ថា ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីននៅខែកុម្ភៈ ខាងមុខ នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងទី ១៥ ខែមករា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។ ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីននៅខែក្រោយ និងបានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីការបរទេសទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័នពាក់ព័ន្ធនានា ក្នុងការធានាថាដំណើរទស្សនកិច្ចនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា និងសមភាគីហ្វីលីពីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ កម្រិតខ្ពស់ និងបានរម្លឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតី Ferdinand Marcos Jr. ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី និងខែមីនា ឆ្នាំ ២០២៤ នៅប្រទេសអូស្ត្រាលី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤នៃគណៈ កម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ដែលបានរៀបចំឡើង ក្នុងឆ្នាំ ២០២៤ នៅទីក្រុងម៉ានីល ហើយបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗដែលសម្រេចបាននៅក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

ឯកឧត្តមរដ្ឋមន្ត្រី Manalo បានសម្តែងការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ និងកាយវិការដ៏ល្អរបស់កម្ពុជាក្នុងការដោះស្រាយករណីពពោះជំនួសដែលពាក់ព័ន្ធនឹងជនជាតិហ្វីលីពីននាពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំជំនួបដោយផ្ទាល់នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ៕