អបអរសាទរ ខេត្តកំពង់ធំ ជាខេត្តទី១៥ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)


(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែនទីរួមខេត្តកំពង់ធំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបប្រមាណ ១,៦៦៧នាក់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជម្រាបជូនអង្គពិធីថា ក្នុងខេត្តកំពង់ធំមានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤,៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦២,៨៧២ខ្នងផ្ទះ ស្មើនឹង៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួមចំនូន ១១,៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។

ឯកឧត្តម បានបន្តថា ក្នុងខេត្តកំពង់ធំមានក្រុង ស្រុក សរុបទាំង៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន៨១ មាន ៧៥ឃុំ-សង្កាត់ ទទួលបាន ODF និងមាន ឃុំ-សង្កាត់ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង២៣៦ភូមិ ជាភូមិ ODF Plus។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តកំពង់ធំលើវិស័យអភិវឌ្ឍន៍ជនបទ ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកស្រីនាយករងប្រតិបត្តិអង្គការទស្សនៈពិភពលោកកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនៈពិភពលោក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រខេត្តកំពង់ធំជាខេត្តគោលដៅអភិវឌ្ឍន៍ លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅថ្ងៃនេះ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ធំសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថាជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្តនាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិនិងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តទៀតថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានរាជធានី/ខេត្តចំនួន ១៥ហើយ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ព្រៃវែង, កណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កែប, ព្រះសីហនុ, កំពង់ចាម, រតនគីរី, សៀមរាប, ត្បូងឃ្មុំ, តាកែវ, ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥៕