(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដោយមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត។
សិក្ខានេះធ្វើឡើងក្នុងគោលបំណង បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នាដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ជាពិសេសលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។
នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារសម្របសម្រួលរៀបចំកម្មវិធីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមុខងារសាធារណៈ ក្នុងការជួយសម្របសម្រួល និងផ្តល់កិច្ចសហការក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលចងក្រងឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ដើម្បីធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ក្រសួងបានបញ្ចប់ការកំណត់មុខងារគោលចំនួន៣ រួមមាន៖ (១) កិច្ចការទូទៅ និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់ប្រតិបត្តិការ និងសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (២) ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទឹក និង (៣) ការអភិវឌ្ឍធនធានមនុស្ស សិក្សាស្រាវជ្រាវ និងពិសោធន៍ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ដោយឡែកក្រសួងក៏បានកំណត់មុខងាររងចំនួន១៧ ដែលបែងចែកជា២ គឺមុខងារគាំទ្រ ចំនួន៦ និងមុខងារបច្ចេកទេស ចំនួន១១។
ជាមួយនឹងវឌ្ឍនភាពនៃការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានជម្រាបជូនបន្ថែមថា បច្ចុប្បន្ន ក្រសួងក៏កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទាំងអស់ ដោយធ្វើការប្រមូល និងចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ ដោយក្នុងនោះក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។
សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕