អភិបាលក្រុងព្រៃវែង បានរៀបចំអាហារថ្ងៃត្រង់ (នំបញ្ចុក) ជូនដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែង


រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់ (នំបញ្ចុក) ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែង នៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ក្នុងឱកាសនេះផងដែរ លោកអភិបាលក្រុងព្រៃវែង បានមានមតិផ្តាំផ្ញើរសួរសុខទុក្ខ ការលើកទឹកចិត្ត និងដើម្បីជាការអរគុណដល់បុគ្គលិកអនាម័យក្រុងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ សម្អាតតាមទីសាធារណៈ និងការប្រមូលសំរាមតាមទីកន្លែងគោលដៅក្នុងក្រុងព្រៃវែងបានយ៉ាងសកម្ម។ ជាពិសេសជាងនេះ សូមឱ្យថែរក្សាសុខភាពឱ្យបានល្អ ហូបស្អាត ផឹកស្អាត អនាម័យល្អ។

ជាចុងបញ្ចប់ លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង សូមសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះចោលសំរាមផ្តេសផ្តាស វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងជួយគ្នាសម្អាត ថែរក្សាបរិស្ថាន នៅគេហដ្ឋាន និងទីសាធារណៈទាំងអស់គ្នា ដូចឃ្លាមួយលើកឡើងថា «ទីក្រុង ស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា»។