ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិនសមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន២០៤ នាក់ មកពី ១៧ រាជធានី ខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី មន្រ្តីសមាគម ព្រមទាំងអាណាព្យាបាលផងដែរ ។
ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៃគម្រោងចិញ្ចឹមកុមារកំព្រាដែលកំពុងចិញ្ចឹមតាមផ្ទះ មានចំនួនសរុប ២០៤នាក់ ដែលមកពីបណ្ដា ១៧ រាជធានី ខេត្ត ដែលសរុបជាថវិកាចំនួន $ 17,312.23 ដុលា្ល ។
ពិធីខាងលើប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឱ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕
ពិធីនេះប្រព្រឹត្តធ្វើនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។