រដ្ឋមន្រ្តី ឈាង រ៉ា អញ្ជើញវាគ្មិនកិត្តិយស ទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាព» ជូនមន្ត្រី បុគ្គលិក សុខាភិបាល


(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៧នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងបានរំលឹកពីប្រវត្តិនៃការបង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធិផលមួយកើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពី លោកសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយទៅលើ លក្ខខណៈសម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ ដ៏មានប្រសិទ្ធិភាព» ដោយបានចែករំលែក ករណីសិក្សា និងបទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាមស្ថាប័នអន្តរជាតិជាង៤០ ឆ្នាំកន្លងមក។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញថា ដើម្បីដឹកនាំឱ្យមានប្រសិទ្ធិភាព អ្នកដឹកនាំ៖ (១) ត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់បុគ្គលិកនិងត្រូវលះបង់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ (២) អ្នកដឹកនាំត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះដឹងទាំងនោះមកប្រើប្រាស់សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម (៣) អ្នកដឹកនាំត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារភាពត្រជាក់ត្រជុំ និង (៤) អ្នកដឹកនាំត្រូវប្រើប្រាស់សំដីឲ្យស្របទៅនឹងសកម្មភាពរបស់ខ្លួន (Walk the talk)។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានឆ្លើយនូវសំនួររបស់សិក្ខាកាមយ៉ាងផលផុស ព្រមទាំងបានផ្តល់សារគន្លឹះ ដល់អ្នកដឹកនាំទាំងអស់ឱ្យប្រកាន់យកភាពមេត្តា និងករុណា និងមានសេចក្តីក្លាហាន ក្នុងការអនុវត្តន៍ការងារប្រកបដោយគុណធម៌ ឆ្ពោះទៅរកគោលដៅដែលបានកំណត់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីធើ្វបទឧទ្ទេសនាម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសុខាភិបាល និងបានជូនពរដល់ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តីមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕