ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី៖ ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋកិច្ច


ព្រះវិហារ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ ធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី របស់ក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផតនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផត ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្ដព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បងប្អូនកម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរជាមួយក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ ចំពោះវឌ្ឍនភាពនៃការដាំដំណាំកៅស៊ូ ក៏ដូចជាការបង្កើតបានរោងចក្រសម្រាប់កែច្នៃកៅស៊ូ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ឱ្យដឹងថា រោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិនេះ ក៏អនុញ្ញាតឱ្យផលិតនូវផលិតផលដែលមានតម្រូវការខ្ពស់ កាត់បន្ថយការពឹងទីផ្សារតែមួយ និងគាំទ្រការបង្កើតថ្មី ខណៈដែលការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ក្រៅពីការអភិវឌ្ឍដំណាំកៅស៊ូ ក៏បានចូលរួមអភិវឌ្ឍន៍សហគមន៍ការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងទៀតថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅលើដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបសរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តម ឌិត ទីណា បានថ្លែងបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបង្ហាញការគាំទ្រក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផត និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារលើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខ ចៀរជ័រកៅស៊ូថ្មី នាឱកាសនេះ។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា សមិទ្ធផលនេះ នឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕