អភិបាលខេត្តប៉ៃលិន ណែនាំដល់អង្គភាពជំនាញបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាមដងផ្លូវដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍


អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម័្ពន្ធ ដែលទើបស្ថាបនារួចរាល់ នៅឃុំស្ទឹងត្រង់ និងណែនាំដល់អង្គភាពជំនាញបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាមដងផ្លូវដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល ផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវនិងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំង ដាក់ស្លាកសញ្ញានិងគំនូសចរាចរណ៍ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃ ឈាម នៃ សេដ្ឋកិច្ចជាតិ និងគ្រួសារដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុងនេះគឺពិតជាបានបំពេញ នូវ សេចក្តី ត្រូវការរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេសបាន ផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តដាក់ស្លាកសញ្ញានិងគំនូសចរាចរណ៍ នៅតាមដងផ្លូវ ទៅតាមស្តង់ដារបច្ចេកទេសដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាសមិទ្ធផលដែលទើបស្ថាបនារួចរាល់នេះដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានអោយដឹងថា៖ ការងារស្ថាបនាផ្លូវខេត្តលេខ១ PL១១ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានពីរដំណាក់កាល ដំណាក់កាលទី១ស្ថាបនាផ្លូវដោយក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១,២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រនិងចិញ្ចើមបេតុងប្រវែង ១៥៣ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាង ស្ថាបនាជញ្ជាំងការពារជើងទេរទំហំ ៧៨៦,១០ម៉ែត្រការ៉េ និងបំពាក់បរិក្ខាចរាចរណ៍តាមដងផ្លូវ (គម្រោងផែនការក្នុងឆ្នាំ២០២៣) និងដំណាក់កាលទី២ ស្ថាបនាជញ្ជាំងបេតុងការពារជើងទំហំ៥៥៣៤,៥០ម៉ែត្រការ៉េ (គម្រោងទឹកជំនន់ក្នុងឆ្នាំ២០២៤)។