រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ


ទិវាវប្បធម៌ជាតិ លើកទី២៧ ត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ។

ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។

ជាមួយគ្នានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។

សូមបញ្ជាក់ជូនថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

គួរបញ្ជាក់ផងដែរថាដើម្បីលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាល សម្រេចរៀបចំទិវា វប្បធម៌ជាតិនេះ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»៕