រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញពិនិត្យបណ្ដាការដ្ឋាន​សាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួននៃទិសនិរតី


នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញពិនិត្យបណ្ដាការដ្ឋាន​សាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួន ក្នុងនោះពិនិត្យគម្រោង​លើក​កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងជាង១៤៨គីឡូម៉ែត្រ (ស្រែអំបិល-កោះកុង)ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរ​សាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង។​

ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង​ត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង។ឯកឧត្តមបានលើកឡើងថា ផ្លូវជាតិ២ខ្សែដែលបុកចំ​ខេត្តកោះកុងតារារះទិសនិរតី កំពុងលេចចេញវឌ្ឍនភាព​ដ៏ប្រសើរក្រៃលែង ត្រៀមខ្លួនរួចជាស្រេចទទួលបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងបុណ្យសមុទ្រ និងទស្សនា​ខេត្ត​កោះកុងនៅចុងឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ពីតម្រូវការ​សង្គមជាក់ស្តែង…”

ស្របពេលវត្តមានឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការកំពុងបំពេញបេសកកម្មការងារដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ដែលកំពុងជំរុញការស្ថាបនាយ៉ាង​មមាញឹកនោះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក​ជញ្ជូន​​បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោង​លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល​៨៣,១២ភាគរយ ។

អ្វីទៅគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨? ឯកឧត្តមអ្នកនាំពាក្យដដែលបានអធិប្បាយថា គម្រោងលើកកម្រិត​គុណភាពផ្លូវជាតិលេខ៤៨មាន ប្រវែង ១៤៨,០៣គីឡូម៉ែត្រ ចាប់ពី​PK0+000-១៤៨+០៣៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ(AC)គ្រប់​កំណាត់​​នៃការដ្ឋាន​គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)។

ឯកឧត្តមអ្នកនាំពាក្យបន្ថែមថា ការដ្ឋាននេះកំពុងសម្រុកខ្លាំង ដើម្បីធានា​សម្រេចវឌ្ឍនភាពតាមការគ្រោង​ទុកនៅ​ដំណាច់​រដូវប្រាំងឆ្នាំ២០២៥​ខាងមុខនេះ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះ​ដើរ​តួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្ត​កោះកុង ក្នុងការ​ជួយ​សម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការ​ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែ​ទឹកជ្រៅនៅ​ក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំ​កសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕