ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុរដ្ឋលេខាធិការ អគ្គាធិការ និងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត។
បន្ទាប់ពីឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានឡើងអានព្រះរាជក្រឹត្យតែងតាំងមុខតំណែងអនុរដ្ឋលេខាធិការ និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន និងអនុក្រឹត្យតែងតាំងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះថ្នាក់ដឹកនាំជាស្ដ្រីទាំងបីរូប ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងតែងតាំងជាថ្នាក់ដឹកនាំនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យរបស់ខ្លួនគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដើម្បីចូលរួមធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍គន្លឹះជាពុទ្ធិមួយចំនួន ជូនដល់ថ្នាក់ដឹកនាំដែលត្រូវបានតែងតាំងនាពេលនេះ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបម្រើការក្នុងក្រសួងគ្រប់លំដាប់ថ្នាក់ដូចជា ត្រូវខិតខំស្វែងយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច ចំណុចខ្លាំង, ចំណុចខ្សោយ និងកត្តានានានៅក្នុងអង្គភាព ដើម្បីរៀបចំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ ត្រូវខិតខំសិក្សាស្វែងយល់អំពីច្បាស់អំពីច្បាប់ គោលការណ៍ណែនាំ បទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីជួយធានាដល់ការអនុវត្តការងារប្រកបដោយសុក្រឹត្យភាព។ ត្រូវមានការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជាការក្នុងអង្គភាព និងចាត់តាំងមន្ដ្រីឱ្យបំពេញការងារឱ្យស្របតាមគុណវុឌ្ឍិ និងគុណាធិបតេយ្យ របស់បុគ្គល។ ត្រូវលើកកម្ពស់កិច្ចសហការល្អជាមួយគ្រប់អង្គភាពទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីរួមគ្នាអនុវត្តការងារអភិវឌ្ឍន៍ជនបទឱ្យមានការរីកចម្រើន ប្រកបដោយភាពជោគជ័យ៕





.j.jpg)
