ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់កម្មកររោងចក្រ


នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូន​ដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន មានគោលបំណងផ្តល់​ដំណឹងអំពីវិធីសាស្ត្រ​ចៀសវាង ​និងការការពារជំងឺដែលមិនឆ្លងដូចជា ​ជំងឺទឹកនោមផ្អែម ​ជំងឺសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺផ្សេងៗទៀត ដែលអាចបង្កឱ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងអង្គការ និយោជក តំណាងអង្គការនិយោជិត តំណាងមកពីរោងចក្រសហគ្រាស ​និងកម្មករនិយោជិតក្នុងវិស័យនានាសរុបចំនួនជាង ៤ពាន់នាក់ ដែលប្រារព្ធ ឡើងនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល