(ពីរដ្ឋធានីវៀងច័ន្ទ) នៅព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ , នាទីស្នាក់ការកណ្តាលសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Monexay LAOMOAXONG ប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈប្រចាំការ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងសហការី ដែលបានអនុញ្ញាតដល់គណប្រតិភូយើងខ្ញុំបានជួបសំដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ ខ្ញុំសូមពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរ ពី សម្តេចធិបតី ជូនដល់ឯកឧត្តម និងសហការីទាំងអស់ នៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ សូមសមប្រកបនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញភារកិច្ចជូនគណបក្ស និងជាតិមាតុភូមិ។
ជាមួយគ្នានេះ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិតប្រធានគណៈប្រចាំការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម និងសហការីទាំងអស់ ដែលបានរៀបចំដំណើរទស្សនកិច្ចជាផ្លូវការដល់គណប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលយើងខ្ញុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សទាំងពីរ រហូតឈានដល់ការឯកភាព និងចុះហត្ថលេខារួមគ្នានៅចំពោះមុខថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរនាពេលខាងមុខនេះ និងក៏សូមថ្លែងអំណរគុណរបស់ក្រុមការងារចំពោះកិច្ចនៃយុវជនថ្នាក់កណ្តាល និងក្រុមការងាររបស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវដែលបានខិតខំពិភាក្សាគ្នាស្វែងរកចំនុចរួមគ្នាលើខ្លឹមសារ ឈានដល់ការព្រមព្រៀងឯកភាពគ្នាទាំងស្រុង ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានគណៈប្រចាំការ ក៏បានសំដែងការសង្ឃឹម និងរំពឹងទុកដោយជឿជាក់ថា បន្ទាប់ពីអនុស្សរណៈយោគយល់គ្នានៃយុវជនគណបក្សទាំងពីរត្រូវបានចុះហត្ថលេខា កិច្ចសហប្រតិបត្តិការនៃយុវជនគណបក្សទាំងពីរ នឹងត្រូវបានពង្រីកលើគ្រប់វិស័យជាបន្តបន្ទាប់ថែមទៀត ដើម្បីរួមចំណែកពង្រឹងចំណងទាក់ទងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងគណបក្ស រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា ឡាវ ឲ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាលូតលាស់ឡើងជាលំដាប់។











