ពិធីជួបសំណោះសំណាលជាមួយអ្នកវិនិយោគទុនលើវិស័យទេសចរណ៍ ប្រមាណជាងមួយពាន់នាក់ នៅរាជធានីភ្នំពេញ


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅសណ្ឋាគារ Garden City ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាន​ចូលរួមជាអធិបតីក្នុងពិធីជួបជុំអ្នកវិនិយោគទុន និងភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ មកពី​ប្រទេសម៉ាឡេស៊ី ចិន និងជប៉ុន ក្នុងបំណងស្វែងយល់ពីសក្តានុពលក្នុងការបណ្តាក់ទុនលើវិស័យ​ទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុង​​ឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូន គណៈប្រតិភូអំពីការរីកចំរើនរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចំរើនគួរឲ្យកត់សំគាល់នាប៉ុន្មានទស្សវត្យចុងក្រោយនេះ​។​
វិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជា “មាសបៃតង”​ បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង១០%នៃផលិតផលក្នុងស្រុកសរុប GDP។
កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាស្អាត និងបៃតង ជាមួយនឹងសក្តានុពលភាពនអច្ឆរិយភាពជាច្រើន ដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក សម្បត្តិបេតិកភ័ណ្ឌទាំងរូបី និង​អរូបី សម្បត្តិធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រស់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាម “​កម្ពុជា៖​ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” (Cambodia: Kingdom of Wonder-Feel the Warm)។
កម្ពុជាគាំទ្រគោលនយោបាយ “ខ្សែក្រវ៉ាត់ និងវិថី” របស់ប្រទេសចិនដែលគោលនយោបាយនេះនិងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅក្នុងតំបន់ទាំង​មូល។
ជាងនេះទៀតដើម្បីត្រៀមទទួលទេសចរចិនដែលជាទីផ្សារធំជាងគេលើពិភពលោក កម្ពុជាបានរៀបចំរួចហើយនូវយុទ្ទសាស្ត្រទីផ្សារទេសចរណ៍ចិន អមជាមួយនិងសៀវភៅស ស្តីពី China Ready និងប្រពន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ Accreditation System។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Empire World ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍នេះ នឹងជួយជំរុញដល់ដល់ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​សរុប​ជាង៥លាននាក់ កើនឡើង៥% ដោយឡែកក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,១លាននាក់ កើនឡើង១២,៨%។ សង្ឃឹមថាក្នុងឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៥លាននាក់៕