អភិបាលខេត្តពោធិ៍សាត់ បន្តចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពបំពេញបន្ថែម ដើម្បីផ្តល់ជូនអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានប្រើប្រាស់ជាប្រយោជន៍


(ពោធិ៍សាត់)៖ បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍភាពបំពេញបន្ថែម ដើម្បីផ្តល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន បានប្រើប្រាស់ជាប្រយោជន៍ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានជួបសំណេះសំណាល ជាមួយកងកម្លាំង លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ព្រមទាំងចុះតាមខ្នងផ្ទះអតីតយុទ្ធជន ដើម្បីពិនិត្យអំពីវឌ្ឍភាព នៃការខួងអណ្តូង ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់។ ឯកឧត្តមបានសម្តែងនូវក្តីរំភើបសប្បាយរីករាយក្រៃលែង នៅពេលដែលបានឃើញការរីកចម្រើន ដោយគ្រួសារនីមួយៗបានខិតខំបង្កបង្កើនផលដាំដំណាំផ្សេងៗ ហើយទទួលបានផលយ៉ាងល្អប្រសើរ ដែលអាចដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត។

ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងការចូលរួមអភិវឌ្ឍភូមិដ្ឋានថ្មីនេះ ឱ្យមានការផ្លាស់ប្តូរប្រែមុខប្រែមាត់ ដោយសម្រេចបានការសាងសង់ផ្ទះរួចរាល់ និងឈានដល់ការប្រគល់-ទទួល ជាផ្លូវការទាំង៦២៨ខ្នងផ្ទះ ស្មើនឹង៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន រួមទាំងដីកសិកម្ម និងបានប្រកបមុខរបរផ្សេងៗ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបានជម្រាបជូន អំពីទិសដៅ និងបេសកកម្មរបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ គឺនៅតែបន្តចូលរួមអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ដូចជាការខួងអណ្តូង ការតម្លើងភ្លើងសូឡាបំភ្លឺផ្លូវ សាងសង់ ផ្លូវស្ពាន ។ល។ ដែលកិច្ចការនេះ គឺដើម្បីជួយសម្រាលការលំបាកដល់អតីតយុទ្ធជន និងជាការចូលរួមចំណែកពង្រឹងភាពធន់សហគមន៍។

ដោយសង្កេតឃើញថា ក្រុមគ្រួសាររបស់អតីតយុទ្ធជន មានក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលបានជម្រករស់នៅសមរម្យ ដីធ្លីសម្រាប់បង្កបង្កើនផលបានសមរម្យ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់មានភាពកាន់តែកក់ក្តៅនោះ បងប្អូនគ្រួសារអតីតយុទ្ធជន បានចាត់ទុកថាដីធ្លី និងលំនៅឋាន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាទ្រនំជីវិតថ្មី ដែលពួកគាត់នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ជាមួយនឹងផែនការដាំដុះកសិផល នៅលើដីដ៏សម្បូរជីវជាតិមួយនេះ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុត សម្រាប់ជីវិតរបស់ពួកគាត់៕