សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិបញ្ចប់រឿង លោកបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍តាមរបៀបឈ្នះឈ្នះបន្តការងាររៀងៗខ្លួន


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមហាជនទាំងអស់បញ្ចប់ ការជជែកដេញដោលលើករណី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនគរបាលចរាចរណ៍ បន្ទាប់ពីសម្ដេចបានមើលឃើញថារឿងនេះមិនចំណេញ ហើយខាតទាំងសង្ខាង។

តាមរយៈបណ្ដាញសង្គមសម្ដេចតេជោបានរៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«ករណីឯកឧត្តមបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តឯកឧត្តមបណ្ឌិត សុខ ទូច បានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ឯកឧត្តមបណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ
នគរបាលចរាចរ។

តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។

ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។

សង្ឃឹមថា អ្នកថែមអំបិលប្រហុកទឹកត្រីបុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕