រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងារក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត


រដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការស្នើសុំការវិនិយោគ និងទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើនចូលមកវិនិយោគក្នុងខេត្តកណ្ដាល ដោយកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមគួច ចំរើន បានជំរុញដល់អនុគណៈកម្មការវិនិយោគថ្នាក់ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលនីតិវិធីជាមួយអង្គភាពពាក់ព័ន្ធ ត្រូវពន្លឿនដំណើរការនៃស្នើសុំការវិនិយោគ ឱ្យប្រព្រឹត្តទៅបានរលូន និងមានភាពងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគក្នុងខេត្តបានកាន់តែច្រើនឡើង និងបាន​បញ្ជាក់ថា ភារកិច្ចសំខាន់របស់យើងនៅពេលនេះ គឺត្រូវខិតខំធ្វើការងារនេះឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ប្រកបដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកមកស្នើសុំការវិនិយោគក្នុងខេត្តឱ្យបានកាន់តែងាយស្រួលឡើង ដើម្បីបង្កើតការងារឱ្យកាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត។

សូមជម្រាបថា យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល បានឱ្យដឹងថា គម្រោងវិនិយោគក្នុងសមត្ថកិច្ចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុង ឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រសរុបចំនួន៣៣រោងចក្រ៕