សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគារស្ទូឌីយោ ស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ


នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគារ ស្ទូឌីយោ ស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ “Nice TV” ដែលមានកម្ពស់ ០៧ជាន់ ផ្ទៃក្រឡា ៣០០០ម៉ែត្រក្រឡា នៅទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋាន
ភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្តីគោរព រាយការណ៍នូវប្រវត្តិសង្ខេបនៃការបង្កើតអាគារស្ថានីយទូរទស្សន៍ថ្មីរបស់ក្រសួងមហាផ្ទៃ ដែលមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន Nice Culture Investment Group របស់សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងមួយឆ្នាំ។ ហើយទូរទស្សន៍នេះដែរ និងមានការចាក់ផ្សាយកម្មវិធីជាភាសាខ្មែរ ២៤ម៉ោង លើ ២៤ម៉ោង រួមមាន៖ ព័ត៌មាន កម្មវិធីសិល្បៈកំសាន្ត ភាពយន្តភាគ និងភាពយន្តឯកសារជាដើម ពិសេសព័ត៌មានសន្តិសុខសង្គម។

តំណាងក្រុមហ៊ុន Nice Culture Investment Group របស់សាធារណរដ្ឋប្រជាមានិតចិន បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែបានយកចិត្តទុកដាក់ និងគាំទ្រពីដើមរហូតមក និងអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន និងសហការីការងារដ៏ទៃទៀត ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។
ជាទីបញ្ចប់ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្រ្តីជំនាញទាំងអស់ឱ្យខិតខំប្រឹងប្រែង ធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងាររបស់ស្ថានីយ៍ទូរទស្សន៍ក្រសួងមហាផ្ទៃ “Nice TV “ និងប្រកាសកាត់ខ្សែបូរណ៍ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕