សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាត្តអោយលោកជំទាវ អីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត្តអោយលោកជំទាវ អីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានមានប្រសាសន៌លើកឡើងអំពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំងគឺមានជាយូរលង់ណាស់មកហើយ ហើយទំនាក់ទំនងនេះត្រូវបានបន្ត ពង្រឹងនិងពង្រីកឥតឈប់ឈរ រហូតមកដល់បច្ចុប្បន្ន។សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំងដែលបានប្រែក្លាយជាសមិទ្ធផលជាក់ស្តែងយ៉ាងច្រើនដែលបានផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។ ហើយក៏បានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។
នៅក្នុងជំនួបនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានស្នើលោកជំទាវឯកអគ្គរដ្ឋទូតបារាំងជម្រុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ពីបារាំងមកព្រះរាជាណាចក្រកម្ពុជាអោយបានច្រើនបន្ថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបារាំងបានគោរពជំរាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិនថាបច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំងមានការកើនឡើងទ្វេដងទាំងវិស័យពាណិជ្ជកម្ម វិនិយោគអប់រំ វប្បធម៌ជាដើម។លោកជំទាវបានបន្តថាបារាំងនៅតែជាគោលដៅចម្បងសម្រាប់និស្សិតកម្ពុជាដើម្បីទៅសិក្សានៅប្រទេសបារាំង។ជាមួយគ្នានេះលោកជំទាវ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំងពាក់ព័ន្ធក្នុងការពង្រីកទីក្រុងភ្នំពេញនិងកិច្ចសហប្រតិបត្តិការផ្នែកថែរក្សាបេតិកភ័ណ្ឌវប្បធម៌ជាពិសេសនៅតំបន់អង្គរវត្ត៕