(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យចំនួនជាង ២៥០នាក់។
ឯកឧត្តម ហួត ស៊ីនាដ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងសង្កាត់ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យទាំងអស់ ដែលមានសាមគ្គីភាព រួមគ្នាបំពេញការងារ ដោយទទួលបានលទ្ធផលផ្លែផ្កា បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ នាពេលកន្លងមកក្រុមការងារបានចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅបម្រើនូវសេចក្ដីត្រូវការពិតប្រាកដ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕








