សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ យើងមានមោទនភាព ដែលអង្គការសម្ព័ន្ធឥស្លាម ទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា យើងមានមោទនភាពក្រៃលែងដែលអង្គការសម្ព័ន្ធឥស្លាមបានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តថា ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមខាង សាសនា គឺជាឌីអិនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច ហើយក្នុងនាមសម្តេចជាថ្នាក់ ដឹកនាំបន្តវេន សម្តេចសូមធានាអះអាងថា នៅតែបន្តអនុវត្តនូវគោលនយោបាយមួយនេះ ពីព្រោះនេះគឺ ជាការធានាពីភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិកម្ពុជាទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រធានបទថ្ងៃនេះគឺ ឥស្លាម និងពុទ្ធសាសនា គឺជាជំរើសនៃប្រធានបទដ៏ស័ក្តិសមបំផុត សម្រាប់ការរៀបចំពិធីនៅកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និងសន្តិសហវិជ្ជមាន រវាងជំនឿសាសនា។ សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាមនៃបណ្តារដ្ឋ ៥៧ប្រទេស ដែលជាសមា ជិកនៃអង្គការប្រតិបត្តិសាសនាឥស្លាម និងបណ្តាប្រទេសនានានៅលើសកលលោកសុទ្ធតែបានទទួល ស្គាល់ថា ប្រទេសកម្ពុជាគឺជាប្រទេសគំរូមួយក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងបានលើកកម្ពស់សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាបលរដ្ឋទូទៅ បូករួម ទាំងបងប្អូនសាសនិកឥស្លាមផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្មានសាសនាណាមួយដែលបានបង្រៀនមនុស្សឱ្យប្រព្រឹត្តិនូវអំពើបាបនោះទេ គ្រប់សាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួន ទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មានមេត្តាធម៌ ភាពស្មោះត្រង់ និងក្តីប្រោសប្រណីចំពោះ មនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោកយើងនេះ។ គ្រប់សាសនាសុទ្ធតែបានពន្យល់ បង្ហាត់ បង្ហាញដោយយកចិត្តទុកដាក់ជាប្រចាំនៅក្នុងការជំរុញអំពើជាផលបុណ្យកុសល ដើម្បីជាក្តីសុខខាងផ្លូវ ចិត្ត និងដំណើរឆ្ពោះទៅកាន់ឋានសួគ៌ ហើយបានអប់រំទូន្មានឱ្យមនុស្សដើរឆ្ងាយពីការធ្វើទុក្ខមុកម្នេញទៅ លើមនុស្សត្វ និងជីវិតដទៃ ព្រមទាំងរាល់អំពើបាបកម្មដែលជាដំណើរឆ្ពោះទៅកាន់ឋាននរក៕