ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យJMAS ជប៉ុន បន្តសកម្មភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់កិច្ចការអភិវឌ្ឍនៅសហគមន៍


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យ JMAS ជប៉ុនបន្តសកម្មភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់កិច្ចការអភិវឌ្ឍនៅសហគមន៍។ ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ក្នុងឱកាសឯកឧត្ដមទទួលជួបពិភាក្សាការងារជាមួយលោក URANO Shigeyuki ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការអាជ្ញាធរមីន។ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងសកម្មភាពមីនអស់រយៈពេលជាង៣០ឆ្នាំ ហើយJMAS ជប៉ុន គឺជាដៃគូមួយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យ JMAS បន្តសកម្មភាពរបស់ខ្លួនក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ក្នុងការគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចការអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែង ដើម្បីផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន ជាពិសេសគាំទ្រដល់ទស្សនវិស័យដឹកនាំ និងប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងជំនួបនោះ លោក URANO Shigeyuki បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការអនុវត្តគម្រោងរវាង JMAS និងអង្គភាពស៊ីម៉ាក់ និងសកម្មភាពប្រតិបត្តិការរបស់JMAS ក្នុងប្រទេសកម្ពុជា រួមមាន ការគាំទ្រការងារបោសសម្អាតគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ គម្រោងបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥ និងគម្រោងវិស័យកសិកម្មក្នុងខេត្តបាត់ដំបងឆ្នាំ២០២៤-២០២៥។ ជាមួយគ្នានោះដែរ លោក URANO Shigeyuki បានបញ្ជាក់ទៀតថា JMAS មានផែនការបង្កើតនូវគម្រោងថ្មីក្នុងភាពជាដៃគូជាមួយអង្គភាពស៊ីម៉ាក់ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមីនបន្តផ្តល់ការគាំទ្ររាល់កិច្ចសហប្រតិបត្តិការជាមួយ JMAS ពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕