ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះសប្បុរសជនជប៉ុនបានជួយដល់បណ្ណាល័យសាលាបឋមសិក្សាសរុបចំនួន១៣៣កន្លែង ក្នុង២៥រាជធានី/ខេត្ត និងមត្តេយ្យសិក្សាសហគមន៍ភូមិកណ្តាច់១ ចំនួនសៀវភៅសរុប ៥៩៦៥២ក្បាល ធ្នើរមុខមួយចំនួន៣៥ ធ្នើរមុខពីរចំនួន២៦ ចែកសម្ភារៈសិក្សាដល់សិស្សចំនួន១៥១៣៣នាក់ សាងសង់អគារសិក្សា១ខ្នងមានពីរបន្ទប់នៅសាលាបឋមសិក្សាមុខនាគខេត្តសៀមរាប និងជួសជុលបន្ទប់រៀនមួយនៅសាលាបឋមសិក្សាស្រះឫស្សី ខេត្តស្ទឹងត្រែង។
ការថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនជប៉ុននៅទីស្ដីការក្រសួង នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបរិច្ចាគរបស់សប្បុរសជនជប៉ុន គឺជាការជួយគាំទ្រវិស័យអប់រំនៅកម្ពុជាជាច្រើនឆ្នាំមកនេះ និងបានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានបឋមសិក្សា និងសប្បុរសជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជួយបំពេញតម្រូវការរបស់សិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសសម្រេចបាននូវសមិទ្ធផលទាំងអស់នេះឡើង។ ការរួមចំណែកដ៏សប្បុរសនេះមិនត្រឹមតែផ្តល់នូវរចនាសម្ព័ន្ធរូបវន្តសម្រាប់ការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបន្ថែមពន្លឺជាសញ្ញានៃក្តីសង្ឃឹមដល់កុមារ ដែលជួយឱ្យពួកគេអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាននាពេលអនាគតថែមទៀតផង។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុនក្នុងការខិតខំប្រឹងប្រែងជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់គ្រឿងឥស្សរិយយសជូនលោក KEIZO NIWA ដែលជាតំណាងសប្បុរសជនជប៉ុន និងបានជូនលិខិតថ្លែងអំណរគុណដល់ភាគីសប្បុរសជនជប៉ុនផងដែរ៕
