សម្ដេច ឃួន សុដារី ថ្លែងអំណរគុណចំពោះសារជូនពររបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះសារជូនពររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

ក្នុងលិខិតថ្លែងអំណរគុណ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពរចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីរាជការទូទាំងប្រទេស និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ នាឱកាសនៃការប្រារព្ធខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចធិបតី ដែលតែងតែលើកទឹកចិត្ត និងគាំទ្រ ដល់រូបខ្ញុំ។ នេះគឺពិតជាការផ្តល់នូវមហាកិត្តិយស និងលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្គម ដែលជំរុញលើកទឹកចិត្ត ឱ្យស្ត្រីគ្រប់រូប ក៏ដូចជាខ្ញុំផ្ទាល់ក្នុងការចូលរួមចំណែកបំពេញបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជា ឧត្តមប្រយោជន៍ក្នុងការកសាងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ និងមន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕