(សៀមរាប)៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញអាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យលើបញ្ហាការធ្វើអត្រានុកូលដ្ឋាន នៅតាមឃុំ/សង្កាត់ ដែលទាមទារយកកម្រៃសេវាដោយខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់មានតម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លី។
ការជំរុញយ៉ាងដូច្នេះរបស់ឯកឧត្តម លី សំរិទ្ធ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដោយមានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអភិបាល ក្រុង ស្រុកចូលរួមផងដែរ។
កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៤ រួមមាន៖ ដោយពិនិត្យ ពិភាក្សា អនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី៩ និងកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងារ រដ្ឋបាលខេត្ត និងអនុម័តលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ។
ឯកឧត្តមបន្តថា រដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវ បញ្ហាទាំងនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិសប្រកបដោយគតិយុត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ឯកឧត្តមបានបន្តថា ក្នុងករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។
ឯកឧត្តម លី សំរិទ្ធ បានណែនាំមួយចំនួនដល់គណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តឲ្យបានជាប្រចាំលើការងាររបស់គណៈកម្មការរបស់ខ្លួន និងសូមឲ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យនូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្ត ដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្តី្រធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។
លោក អ៊ឹង គឹមលាង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែកុម្ភះ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាត របស់រដ្ឋបាលខេត្ត បានដាក់ចេញក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ។
លោក អ៊ឹង គឹមលាង បញ្ជាក់ថា កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបាន ចំពោះបទល្មើសព្រៃឈើ និងជលផល ព្រមទាំងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប(តំបន់៣) ហើយចំពោះបុគ្គលណា នៅតែបំពានរានដីព្រៃលិចទឹក តំបន់បី នឹងត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕