ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កាលអតីតកាល ទីអារាមជាកន្លែងធ្វើទារុណកម្ម កន្លែងធ្វើជី ឃ្លាំងគ្រាប់ កន្លែងកងទ័ពស្នាក់នៅ និងដាំបន្លែចិញ្ចឹមសត្វ តែបច្ចុប្បន្នជាថ្នាលបណ្តុះធនធានមនុស្ស និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ


(កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ​សមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​បញ្ចុះខ័ណ្ឌសីម៉ា​ សម្ពោធសមិទ្ធផលនានាក្នុងវត្តត្រពាំងស្នោ និងបានសំណេះសំណាលជាមួយលោកតា​ លោកយាយ​ ប្រជាពលរដ្ឋ​ សិស្សនុសិស្សជាង ៣,៦០០នាក់ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្ដល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល តែគួរឲ្យសោកស្តាយបំផុតកាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹងត្រូវបានពួក យង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើគ្មានសល់។

ឯកឧត្តមបានរម្លឹកថា «កាលអតីតកាល ទីអារាមជាកន្លែងធ្វើទារុណកម្ម កន្លែងធ្វើជី ឃ្លាំងគ្រាប់ កន្លែងកងទ័ពស្នាក់នៅ និងដាំបន្លែចិញ្ចឹមសត្វ តែបច្ចុប្បន្នជាថ្នាលបណ្តុះធនធានមនុស្ស និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ»

ឯកឧត្តមបន្តថា ថ្ងៃនេះបានប្រែក្លាយមានសមិទ្ធិផលសម្ពោធប្រើប្រាស់ដ៏ច្រើន នាពេលនេះ រួមមាន៖ ព្រះវិហារថ្មីមានទំហំ ១២មx២១ម កម្ពស់ ២៧ម ធ្វើពីបេតុង តំបូលប្រក់ក្បឿង ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ រហូត ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបរួចរាល់ជាស្ថាពរ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀតរួមមាន៖ ដងទង់ ១គូរ, សាលាធម្មសភា ១ខ្នង, កុដិចំនួន ៤ខ្នង,ស្តាស្រះ និងចាក់ដីបំពេញទីធ្លា, ប្រាសាទ ព្រះកែវមរកត១, ប្រាសាទស្រីគ្រប់ លក្ខណ៍១, រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងបុស្បុក១, សាងសង់ព្រះពិស្ណុការព្រហ្មមុខ៤, សាលាទទួលភ្ញៀវ, ស្រះទឹក១, តភ្ជាប់បណ្តាញប្រព័ន្ធភ្លើងអគ្គិសនីក្នុងព្រះវិហារ, បន្ទប់ ទឹកចំនួន ៨ខ្នង ស្មើនឹង ១៨បន្ទប់, ខ្លោងទ្វាចូលវត្តចំនួន២, របងវត្តចំនួន១០៨ប្រឡោះ, ចាក់សាបក្នុងវត្តចំនួន ៤.៣៩៩ម៉ែត្រការ៉េ និងការិយាល័យចូលបច្ច័យសរុប ថវិកាចំណាយចំនួន ១.១២២.៣៧០ដុល្លារ ដែលកើតចេញពីទឹកចិត្តដ៏មានសទ្ធាជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយ ព្រមទាំងសប្បុរសជននានាជាច្រើនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍រំលឹកថា ប្រជាពលរដ្ឋសុខសាន្តក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រទេសជាតិមានសុខសន្តិភាព​ ស្ថេរភាពនយោបាយ ​និងពោរពេញដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ​ទាំងពុទ្ធចក្រ និងអាណាចក្រដែលវិស័យទាំងពីរនេះ ត្រូវតែដើរព្រមគ្នាប្រៀបដូចជា កង់ពីរដែលមិនអាចខ្វះគ្នាបាន ​បើអាណាចក្រដួលរលំហើយនោះពុទ្ធចក្រ ក៏មិនអាចឈរបានដូចអ្វីដែលយើងទាំងអស់គ្នា បានធ្លាប់ជួបប្រទះកាលពីរបបវាលពិឃាត​។

ឯកឧត្តមឧបបានបន្ថែមទៀតថា ប្រជាពលរដ្ឋទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយពាក្យថា «អរគុណសន្តិភាព» បានលាន់រន្ទឺពាសពេញផ្ទៃប្រទេសនេះ គឺដោយសារប្រជាពលរដ្ឋកម្ពុជាយល់អំពីតម្លៃ នៃសន្តិភាពដែលរកបានដោយ លំបាកបំផុតនេះ ហេតុនេះពលរដ្ឋទាំងអស់គ្នាប្តេជ្ញាចិត្តរក្សាសន្តិភាពឲ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕