សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។
ថ្លែងក្នុងឱកាសប្រារព្ធ«ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តសហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។
ដោយឡែកពាក់ព័ន្ធនឹងវិស័យសិល្បៈនេះដែរ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សាអត្តសញ្ញាណជាតិជាគោល និងបន្តការស្រាវជ្រាវ និងចងក្រងនូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមានហានិភ័យខ្ពស់៕