អតីតកាល ទីអារាមជាកន្លែងធ្វើទារុណកម្ម កន្លែងធ្វើជី ឃ្លាំងគ្រាប់ កន្លែងកងទ័ពស្នាក់នៅ និងដាំបន្លែចិញ្ចឹមសត្វ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុនងារសាធារណៈ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២0២៥ ក្នុងកម្មវិធីបញ្ចុះខណ្ឌសីមាសម្ពោធសមិទ្ធផលនានាក្នុងវត្តត្រពាំងស្នោ និងជំនួបសំណេះសំណាលជាមួយ លោកតា លោកយាយ ប្រជាពលរដ្ឋប្រមាណជិត៧០០០នាក់នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរម្លឹកថា ជនរងគ្រោះជាង៣លាននាក់បានបាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នងពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានលើកឡើងបន្តថា ពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយបណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម-ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេស បានបង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ឯកឧត្តមបានបន្ថែមទៀតថា យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើងកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕









