ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលអំពោយផលដល់វិនិយោគិន មានជាអាទិ៍៖
(១). ស្ថិរភាពនយោបាយ
(២). ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន
(៣). កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត
(៤). រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន
(៥). របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ
និង (៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ កឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ការលើកឡើងរបស់ឯកឧត្តម អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងនៅសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា ជូនទៅកាន់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។
ពីពិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចខេត្តហ៊ឺណានរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សូមជម្រាបជូនផងដែរថា តាមលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន ឯកសារចំនួន០២ រួមមាន (១) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយនឹង សាលាគុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង (Dengfeng Yanlu Kungfu School of Shaolin) និង មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអប់រំកាយ ក្រុងចឹងចូវ (Zhengzhou Physical Education Vocational College), និង (២) លិខិតសម្តែងបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕





