ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាមេរិក។
ពិធីនេះ បានធ្វើឡងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
តាមប្រភពព័ត៌មានពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនាថ្ងៃនេះថា គម្រោងទាំង២នោះ រួមមាន៖
គម្រោងទី១. ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។ គម្រោងនេះមានថវិកាសរុបចំនួន១,១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារអាមេរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីទិញសម្ភារបច្ចេកទេស រួមមាន៖ គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។
និងគម្រោងទី២. ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន២.៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារអាមេរិក។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្តែនូវការគោរពអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម ឯកអគ្គរដ្ឋទូត UENO Astushi ដែលផ្តល់ការគាំទ្រ និងចុះហត្ថលេខាលើគម្រោងដ៍មានសារប្រយោជន៍សម្រាប់បុព្វហេតុមនុស្សវិស័យមីនទាំង២នេះ។






