សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាត្តអោយឯកឧត្តមមៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម


នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ីបានអនុញ្ញាត្តអោយឯកឧត្តមមៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានសភាតំបន់អាស៊ី បានវាយតម្លៃខ្ពស់ចំពោះព្រឹទ្ធសភាប៉ាគីស្ថាន ដែលបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ខាងនយោបាយរបស់អេភីអេ និងបានដាក់ចេញនូវសេចក្តីព្រាងសេចក្តីសម្រេច បម្រើដល់ឧត្តមប្រយោជន៍ ដល់ប្រទេសសមាជិក អេភីអេ ហើយសេចក្តីព្រាងសេចក្តីសម្រេចទំាងនោះ បានយកមកពិភាក្សា ផ្លាស់ប្តូរគ្នា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ ដែលសភាកម្ពុជា ធ្វើជាម្ចាស់នៅពេលនេះ។
នៅក្នុងជំនួបសវនាការនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សម្តេចមានសុទិដ្ឋិនិយមថា ក្រោយកម្ពុជាចប់អាណត្តិជាប្រធាន អេ-ភី-អេ ព្រឹទ្ធសភាប៉ាគីស្ថាននៅតែបន្តជួយជ្រោមជ្រែងដំណើរការប្រព្រឹត្តទៅរបស់ អេ ភី អេ នេះ ឲ្យកាន់តែមានភាពល្អប្រសើរ ។
ឯកឧត្តម មៀន រ៉ាហ្សា រ៉ាបានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី (APA) ដែលបានដឹកនាំសភាតំបន់អាស៊ី រយៈពេលពីរឆ្នាំកន្លងមកនេះ ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការពង្រឹងតួនាទីរបស់អេភីអេ ដើម្បីពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋទំាងអស់នៅក្នុងប្រជាជាតិអាស៊ី ដើម្បីកសាងយន្តការសន្តិភាពក្នុងការដោះស្រាយបញ្ហានៅតំបន់និងពិភពលោក៕