កំពង់ចាម៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ នៅក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានចែកអំណោយជាអង្ករហ្សាកាត់សរុបចំនួនជាង ០៥តោនគីឡូក្រាម សម្រាប់ ៤៦៧គ្រួសារ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីលោកអភិបាលស្រុកកំពង់សៀម លោកអភិបាលរងស្រុកស្ទឹងត្រង់ តំណាងលោកអភិបាលស្រុក គណៈអ៉ីម៉ាំស្រុក អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.កស្រុក ក្រុមការងារ តុ ហាកឹម តួន ផងដែរ ។
ក្នុងឱកាសនោះផងដែរ សមាជិករដ្ឋសភាបានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ។
ឯកឧត្តម បានឲ្យដឹងថា ខែរាម៉ាឌន គឺជាខែមានអត្ថន័យដ៏ពិសិដ្ឋរបស់សាសនាឥស្លាម ហើយនាំគា្នបង្កើនការប្រណីប័តន៍ ទៅចំពោះព្រះអល់ឡោះ ដើម្បីផលបុណ្យ និងធ្វើកិច្ចការមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធន ម្ហូបអាហារ លុយកាក់ ជូនអ្នកខ្វះខាតជួបការលំបាក ពិសេសចាស់ជរា កុមារ និងស្ត្រីម៉េម៉ាយ។ ឯកឧត្តមវេជ្ជ.បានបន្ថែមថា ក្រោមការដឹកនាំរាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា នៅតែបន្ដធ្វើកម្មវិធីអាហារស្រាយបួស ជាមួយបងប្អូនសាសនិកឥស្លាម ជារៀងរាល់ឆ្នាំ ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក៏ដោយ ។