ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់រៀបចំឈ្មោះសាលារៀនគោលដៅឱ្យបានច្បាស់លាស់ ដើម្បីត្រួតពិនិត្យ ងាយស្រួលដល់ការរៀបចំផែនការសកម្មភាព និងយន្តការចុះជួយគាំទ្រដល់សាលារៀនគោលដៅទាំង២៤៤សាលារៀនដែលបានកំណត់ ព្រមទាំងបានលើកឡើងពីការរៀបចំ និងកំណែទម្រង់កម្មវិធីសិក្សាគណិតវិទ្យាឱ្យឆ្លើយតបទៅនឹងបរិបទឌីជីថល ដូចជា ការប្រើប្រាស់គណិតវិទ្យាក្នុងកម្មវិធីSTEM បច្ចេកវិទ្យា ឬបញ្ញាសិប្បនិម្មិត(AI) ជាដើម។
នៅក្នុងកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តស្តង់ដាសាលារៀនគំរូ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាលាគោលដៅតេស្ត PISA ទាំង១៨៦ ដែលជាអាទិភាពទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូបន្ថែមទៀត ដោយក្នុងនោះបានណែនាំដល់ក្រុមការងារ ឱ្យបន្តចុះជួយគាំទ្រការរៀនបំប៉នតេស្តអន្តរជាតិ (PISA) នៅតាមសាលារៀនគោលដៅបន្ថែម ដោយមានការរៀបចំបញ្ជីឈ្មោះអ្នកឯកទេសលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងជាពិសេសមានក្រុមការងារជំនាញទទួលបន្ទុកក្នុងការរៀបចំស្តង់ដាចម្លើយគំរូ ដើម្បីជួយគាំទ្របន្ថែម សំដៅត្រៀមខ្លួនសម្រាប់ការធ្វើតេស្តកម្រិតអន្តរជាតិ PISA នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ដើម្បីឱ្យការងារប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងទិសដៅបន្តដល់ក្រុមការងារ៖
១. រៀបចំផែនការសកម្មភាពច្បាស់លាស់ ចុះជួយសាលារៀនគោលដៅ ក្នុងក្របខណ្ឌរួមទាំងគម្រោងនានា និងការគាំទ្រផ្សេងៗ
២. បន្តចុះគាំទ្រ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ជាពិសេសចុះបង្វឹកការធ្វើតេស្តស្តង់ដាតាមលំនាំសំណួរតេស្តអន្តរជាតិ PISA
៣. ជំរុញឱ្យសាលារៀនឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ដូចជា ការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនជាដើម
៤. បញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងបង្រៀននិងរៀន រៀបចំពិព័រណ៍ស្នាដៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ
៥. ពង្រឹងសមត្ថភាពមន្ត្រីចុះជួយគាំទ្រសាលា តាមតម្រូវការជាក់ស្តែង ជាពិសេសមន្ត្រីទទួលបន្ទុកតាមខេត្តនីមួយៗ
៦. បន្តការគាំទ្រដល់សាលាគោលដៅ តាមរយៈការចុះជួយផ្ទាល់តាមសាលារៀន និងតាមអនឡាញ
៧. អនុវត្តសាលាជួយសាលា ដើម្បីធានាបាននូវនិរន្តរភាព តាមរូបភាពផ្សេងៗដូចជា សហការ និងសម្របសម្រួលជាមួយសាលារៀនគំរូបច្ចុប្បន្ន ឱ្យជួយសាលារៀនផ្សេងៗទៀត
និង៨. រៀបចំប្រជុំបូកសរុប និងពិនិត្យឡើងវិញនៃការចុះជួយគាំទ្រសាលារៀន និងរៀបចំប្រព័ន្ធរបាយការណ៍។
គួរបញ្ជាក់ថា ក្រសួងអប់រំបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូជាអាទិភាពមួយ ដែលមានលក្ខណៈសម្បត្តិ៖ ក) សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនគំរូ, ខ) សាលារៀន មានស្វ័យភាព ក្នុងការកសាងនិងអនុវត្តផែនការកែលម្អសាលារៀន និងថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈ ជាប្រចាំដល់គណៈគ្រប់គ្រងនិងគ្រូបង្រៀន, គ) សិស្សត្រូវបានធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបម្រើដល់ការកែលម្អការបង្រៀននិងរៀន, ការជួយសិស្សរៀនយឺត, និងផ្តល់ព័ត៌មានដល់ មាតាបិតា អាណាព្យាបាល និងសហគមន៍, ឃ) គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងទទួលបានការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ, ង) មាតាបិតាឬអ្នកអាណាព្យាបាល និងសហគមន៍ ចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀន៕


