សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ធនាគារពិភពលោក និងមិត្តបរទេសជាច្រើនមើលឃើញដូចកម្ពុជា អំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍ គឺធនធានមនុស្ស


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា តំណាងធនាគារពិភពលោក និងបណ្ដាមិត្តភក្ដ្របរទេសជាច្រើនទៀត សុទ្ធតែបានមើលឃើញដូចរាជរដ្ឋាភិបាលកម្ពុជា អំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍប្រទេស គឺមិនមានអ្វីសំខាន់ជាងកត្តាធនធានមនុស្សនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ធនាការពិភពលោកដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣០ឆ្នាំមកនេះ នៅប្រកាសជំហរជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដដែល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំជួបជាមួយលោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម ឡាវ ហើយធនាគារពិភពលោកជាដៃគូរបស់យើង (កម្ពុជា) រយៈពេល៣០ឆ្នាំមកហើយ  ធនាគារពិភពលោកក៏មើលឃើញដូចរាជរដ្ឋាភិបាលកម្ពុជា ចំណុចខ្លាំងគ្មានអ្វីខ្លាំងជាងធនធានមនុស្សទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងសភាអាមេរិកកាលពីពេលកន្លងទៅ ក៏មានការជជែកគ្នាអំពីកត្តាធនធានមនុស្សនេះដែរ ហើយទាំងកម្ពុជា និងអាមេរិក ព្រមទាំងបណ្ដាប្រទេសជាច្រើនទៀត សុទ្ធតែមើលឃើញដូចគ្នាអំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍ គឺជាកត្តាធនធានមនុស្ស។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖

*ទី១៖ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
*ទី៣៖ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
*ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង
*ទី៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការ​ចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាព​អប់​រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម តាមរយៈទី១៖ ការពង្រឹងអភិបាល​កិច្ចសាលារៀន, ទី២៖ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការ​ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់​កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ»