(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំង នៃអង្គភាពសម្ព័ន្ធមេត្រីភាព «ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់» ជាលើកទី៣ ចំនួន៩៧៩នាក់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត, លោក លោកស្រី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, រដ្ឋបាលស្រុក ក្រុង និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍រួចមក, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច រួមចំណែកការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តមបានចាត់ទុកថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយ បាននឹងកំពុងធ្វើដំណើរទៅមុខជាវិជ្ជមាន មិនថារោងចក្រ ឬសហគ្រាស បានរីកដុះដាលយ៉ាងឆាប់រហ័ស នៅតំបន់សេដ្ឋកិច្ចពោធិ៍សាត់ ក្នុងស្រុកក្រគរ។ នេះដោយសារម្លប់នៃសុខសន្តិភាព និងដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាល់រូបលោកផ្ទាល់ ជាពិសេសឯកឧត្តម ស៊ុយ សែម អតីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ទើបមានការអភវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។
ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ដជួយជំរុញដល់ធុរជនកម្ពុជា និងធុរជនបរទេស ក្នុងការវិនិយោគអាជីវកម្មកម្ពុជា ដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ច តាមរយៈការលើកការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង បរិយាកាសអំណោយផល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ឯកឧត្តមរដ្ឋមន្ត្រី សូមយកឱកាសនេះ សម្តែងនូវអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានកសាង រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ រហូតមកដល់សព្វថ្ងៃ។ ពិតណាស់ថា បើគ្មានសន្តិសុខ ហើយគ្មានការចូលរួមពីកងកម្លាំងប្រដាប់ អាវុធទាំង៣នោះទេ ជាពិសេសបើគ្មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងឥស្សរជន និងមេទ័ពកំពូលទេនោះ យើងក៏គ្មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងមានអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះដែរ។
ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ រយៈ១៧ឆ្នាំមកហើយ ដែលក្រសួងរ៉ែ និងថាមពល បានភ្ជាប់សម្ព័ន្ធមេត្រីភាព ជាមួយអង្គភាពការពារខ្សែបន្ទាត់ព្រំដែន រួមទាំងអង្គភាពមួយចំនួនទៀត, ហើយនៅឆ្នាំ២០២៣កន្លងទៅ ក៏បានបន្ថែមសម្ព័ន្ធមេត្រីភាព ជាមួយ«ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់» គិតត្រឹមឆ្នាំ២០២៥នេះ ជាលើកទី៣ហើយ ដែលយើងជួបជុំគ្នា។
ឯកឧត្តមបានបន្ថែមថា អង្គភាពទាំងនោះ ត្រូវបានថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែចុះសួរសុខទុក្ខ ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ ប្រគល់ជូនបានជាប់លាប់ ជាប្រពៃណីផ្សារភ្ជាប់សមរភូមិក្រោយ និងសមរភូមិមុខរហូតមក។ ទាំងអស់នេះយើងមិនត្រូវភ្លេច អំពីវីរៈភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរក្សាការពារបូរណភាពទឹកដី តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះចន្លោះ តែមិនត្រូវឱ្យដាច់ស្បៀងនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានប្រគល់ជូនអំណោយកំដរដៃ អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព សរុបចំនួន៩៧៩នាក់ ដោយម្នាក់ៗទទួលបាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកា៣អង្គភាព ដោយក្នុងមួយអង្គភាព ថវិកា៤លានរៀលផងដែរ៕