នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សា និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។
រៀបចំធ្វើសាលាភូមិន្ទរដ្ឋបាល កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម លោកជំទាវរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ននានា និងឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនជាង ១១០នាក់។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការគាំទ្រ និងកោតសរសើរ ចំពោះការរៀបចំអនុក្រឹត្យនេះឡើង។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ខ្លឹមសារនៃអនុក្រឹត្យនេះ ផ្ដល់ការគិតគូរ និងយកចិត្តទុកដាក់លើមន្រ្តីរាជការដែលបានខិតខំបំពេញការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានបូកបញ្ចូលនូវប្រព័ន្ធលើកទឹកចិត្តគាំទ្របន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញគោលជំហរគាំទ្រទាំងស្រុង និងចូលរួមសហការអនុវត្តការងារនេះឱ្យមានភាពល្អប្រសើរ មានប្រសិទ្ធភាព ចីរភាព និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅលើកទឹកចិត្តមន្រ្តីរាជការទាំងអស់ឲ្យប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងដោយមានការទទួលខុសត្រូវខ្ពស់៕












