លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកជំទាវ នូ សុវណ្ណនី សមាជិកាគណៈកម្មការទី៩ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសម័យប្រជុំនៃកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ាលើកទី៤ ក្រោមមូលបទស្ដីពី «ការដឹកនាំនវានុវត្តន៍ បរិយាបន្ន និងភាពចម្រុះតាមរយៈសភាដែលមានតុល្យភាពយេនឌ័រដើម្បីអាស៊ានដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត» នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។
លោកជំទាវ ឡោក ខេង បានចូលរួមថ្លែងបទអន្តរាគមន៍ដោយលើកឡើងថា ការចូលរួមរបស់ស្ត្រី និងការរួមបញ្ចូលទស្សនៈរបស់ស្ត្រីកាន់តែច្រើន នឹងបង្កើនគុណភាពនៃការសម្រេចចិត្តលើគោលនយោបាយ ដែលនេះនឹងពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់យើងទូទាំងតំបន់អាស៊ាន។
លោកជំទាវ ក៏បានគូសបញ្ជាក់ថា នវានុវត្តន៍ និងបច្ចេកវិទ្យាជាកត្តានៃកំណើន។ ក្នុងន័យនេះ យើងត្រូវតែផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យនវានុវត្តន៍ ព្រមទាំងជំរុញលើកទឹកចិត្ត និងគាំទ្រគម្រោងនវានុវត្តន៍នានា ដែលដឹកនាំដោយស្ត្រី។
វិធានការគន្លឹះខ្លះៗដែលមានសារៈសំខាន់សម្រាប់បញ្ចូលសមភាពយេនឌ័រនៅក្នុងគោលនយោបាយនវានុវត្ត រួមមាន ការបង្កបរិយាកាសគាំទ្រ ការបង្ខិតហេដ្ឋារចនាសម្ព័ន្ធ និងការកៀរគរថវិកាផ្តោតទៅលើក្រុមភាគតិចងាយរងគ្រោះ ដូចជា ស្រ្តី ជនមានពិការភាព និងជនជាតិដើមភាគតិច នៅក្នុងវិស័យអប់រំឧត្តមសិក្សា ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
សម័យប្រជុំលើកទី១នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីសភា ចំនួន ៩ប្រទេសរួមមាន៖ ប្រទេសកម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម រួមទាំងទីម័រខាងកើត។




