រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន៣ ជាមួយភាគីថៃ


(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួន៣ ជាមួយភាគីថៃ។ ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

ឯកសារចំនួន៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖
*ទី១៖ លិខិតប្តូរសារស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

*ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ។

*និងទី៣៖ កិច្ចព្រមព្រៀងស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕