សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។
ការលើកឡើងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅឱកាសទទួលទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ក្នុងជំនួនសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ជោសម្តេចតេជោ ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរមានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ បានជម្រាបជូនអំពីមូលដ្ឋាននៃការផ្ទេរអំណាចរបស់ សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច៕


