ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនស៊ុង ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាតិលេខ ៦


ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨ យប់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំមន្ទីរជំនាញ និងមន្ត្រីមូលដ្ឋានចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាតិលេខ ៦ ត្រង់ម្តុំមុខភូមិវប្បធម៌ ក្នុងក្រុងសៀមរាប ដោយបន្តកាយពង្រីកផ្លូវទឹកដើម្បីរំដោះទឹក ត្រង់ចំនុចមុខ និងក្រោយភូមិវប្បធម៌ ផ្លូវទៅព្រលានយន្ត ព្រមទាំងផ្លូវក្រវ៉ាត់ក្រុង និងផ្លូវផ្សេងៗទៀតដែលធ្វើអោយស្ទះផ្លូវទឹកផងដែរ ។
ជាមួយគ្នានោះផងដែរ មានប្រជាពលរដ្ឋជាច្រើន ដែលជួបបញ្ហាជំនន់ទឹកភ្លៀងនេះបានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ចុះ ជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា ។
ទន្ទឹមនឹងនោះផងដែរ មកដល់ម៉ោង ៩ យប់ នេះ ទឹកជំនន់បានស្រកច្រើន ប្រសិនបើយប់នេះគ្មានភ្លៀងធ្លាក់ទេ ទឹកនឹកស្រកអស់នៅថ្ងៃស្អែកជាក់ជាមិនខាន ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការវេចខ្ចប់សំរាមអោយបានត្រឹមត្រូវជៀសវាងនៅពេលមានភ្លៀងធ្លាក់ធ្វើអោយហូរចូលក្នុងលូបណ្តាអោយស្ទះផ្លូវទឹក ជាពិសេសនៅពេលបងប្អូនសាងសង់ផ្លូវកាត់ប្រឡាយ ដើម្បីចូលផ្ទះសូមដាក់លូអោយបានត្រឹមត្រូវ និងត្រូវបច្ចេកទេសដែលអាជ្ញាធរបានកំណត់ ព្រោះថាពេលដាក់លូខុសបច្ចេកទេសក៏អាចធ្វើអោយមានការស្ទះចរន្តទឹកហូរដែរ។