ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាប្រកបកិច្ចការផ្សេងៗ។
ការស្នើរបស់ ឯកឧត្តម អ៊ុន ចាន់ដា នាឱកាសអញ្ជើញទៅបន្តសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ ឯកឧត្តម ផ្ទាល់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម១៨០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ ដោយឡែក ចំពោះករណីផ្លាស់ប្តូរអាស័យដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី ។
ឆ្លៀតក្នុងនាឱកាស ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវពលរដ្ឋដែលមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅធ្វើឲ្យបានគ្រប់ៗគ្នា ដោយត្រូវមានឯកសារភ្ជាប់ចំនួន២គឺ៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅជាដើម៕







