(កំពង់ចាម)៖ ក្រោយពីមានការផ្ដួចផ្ដើមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យពីថ្នាក់ដឹកនាំខេត្តជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាមជ្រោយថ្ម ក្នុងក្រុងកំពង់ចាម ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹងគោលដៅពហុបំណង នៃផ្នែកខាងក្រោម និងផ្នែកខាងលើដោយត្រូវរៀបចំទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹងជាទីសក្ការៈសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផលជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញមកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្តដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុងកំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុខសុភមង្គល៕