នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប “ទិវាជាតិនៃការចងចាំ” ស្ថិតនៅវត្តបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោក លោកស្រី ប្រធានវ្រធានការិយាល័យទាំង១៣អង្គភាព ចំណុះរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ទាំងបួន និងលោកយាយ លោកតានៅសង្កាត់បារាយណ៍ផងដែរ។
លោក អភិបាលក្រុងព្រៃវែង និង លោកប្រធានក្រុមប្រឹក្សាក្រុង បានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង៖
ថ្ងៃទី២០ ខែឧសភានេះ ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។