បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំខែនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាលជាមួយលោកនាយកសាលា អាណាព្យាបាល និងសិស្សដែលទេីបប្រឡងជាប់សិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ ក្នុងខេត្តខេត្តស្វាយរៀងចំនួន២សាលារួមមាន៖
-សិស្សប្រលងជាប់ផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២ ឈ្មោះ ឡេង កុសល់ ទទួលបានចំណាត់ថ្នាក់លេខ៣ នៅវិទ្យាល័យពោធិ៍ធំ ស្រុកស្វាយជ្រំ។
-សិស្សប្រលងជាប់ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ ឈ្មោះ សេង សុធារិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ៣ នៅវិទ្យាល័យហ៊ុនសែនពងទឹក ស្រុករំដួល។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ឱពុក ម្តាយ ដែលបានបង្ហាត់បង្រៀន និងជម្រុញលេីកទឹកចិត្តកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេសល្អនាពេលនេះ ជាពិសេសយុវសិស្សទាំង២រូបត្រូវខិតខំប្រឹងប្រែងបន្តទៀត ដេីម្បីក្លាយខ្លួនកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គមនាពេលអនាគត។
ជាចុងបញ្ចប់នៃការជួបសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ប្រាក់ឧត្ថម្ភលេីកទឹកចិត្តដល់សិស្សទាំង២នាក់ ក្នុងម្នាក់ៗ ២,០០០,០០០រៀល លោកគ្រូនាយកសាលាទាំង២ ក្នុងមួយសាលា៥០០,០០០រៀលផងដែរ។