នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ពោធឆ្លងមហាកុដិ សាលាពុទ្ធិក ខ្លោងទ្វារ និងសមិទ្ធិផលនានា នៅវត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រារព្ធឡើងដោយមានការអញ្ជើញ និងនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្ដេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង លោកជំទាវឧកញ៉ា អ៊ឹង លីគាង អគ្គនាយិកាក្រុមហ៊ុនសហគ្រាសផលិតទឹកស៊ីអ៊ីវ ផេង លី ឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយស្រុក លោក លោកស្រី ជាមន្រ្តីរដ្ឋបាលស្រុកកំពង់ត្រឡាច សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានថ្លែងថា ពិធីបុណ្យសម្ពោធឆ្លងមហាកុដិ សាលាពុទ្ធិក ខ្លោងទ្វារ និងសមិទ្ធិផលនានា នៅវត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ នាខណៈនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកជំទាវឧកញ៉ា អ៊ឹង លីគាង អគ្គនាយិកាក្រុមហ៊ុនសហគ្រាសផលិតទឹកស៊ីអ៊ីវ ផេង លី ដែលបានខិតខំសហការ និងជួយជ្រោមជ្រែង ក្នុងការបង្កើតបាននូវសមិទ្ធិផលនានាយ៉ាងច្រើន ក្នុងវត្តចន្ទសុរិយានាពេលនេះ ដែលជាជោគជ័យមួយជាទីមោទនៈ។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិទី៦ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដោយក្នុងនោះ យុទ្ធសាស្រ្តបញ្ចកោលដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះ គឺដើម្បីរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខដុមរមនាជីវភាពប្រជាជនកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

















